កីឡាករឆ្នើមម្នាក់របស់ Liverpool ចាត់ទុក Neymar ថាជាកីឡាករដែលតែងតែបំផុតគំនិតរបស់ខ្លួន

កីឡាករឆ្នើមម្នាក់របស់ Liverpool ចាត់ទុក Neymar ថាជាកីឡាករដែលតែងតែបំផុតគំនិតរបស់ខ្លួន ។ កីឡាករវ័យក្មេង Harvey Elliott របស់ក្រុមហង្សក្រហម Liverpool បានបង្ហើបថារូបគេជាអ្នកគាំទ្រដ៏ធំមួយរបស់កីឡាករ Neymar នៅពេលកំពុងធំធាត់ឡើង ហើយបានព្យាយាមមើលខ្សែប្រយុទ្ធក្រុម PSG រូបនេះ ដើម្បីយកទៅអភិវឌ្ឍការប្រកួតរបស់ខ្លួនឯងផងដែរ ។គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ១៧ ឆ្នាំរូបនេះ បានទទួលឱកាសនៅក្នុងក្រុមដំបូងក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp បន្ទាប់ពីផ្ទេរមកទឹកដី Anfield ពីក្រុម Fulham កាលពីរដូវក្តៅមុន ។ជាក់ស្តែងរហូតមកដល់ពេលនេះ Elliott បានបង្ហាញខ្លួនសរុបចំនួន ៨ លើកហើយ កាលពីរដូវកាលមុន ខណ:រូបគេត្រូវបានចាត់ទុកថានឹងក្លាយជាកីឡាករសំខាន់មួយរូប សម្រាប់ក្លឹបនាពេអនាគត ។

មិនតែប៉ុណ្ណោះថ្មីៗនេះ Elliott បានបង្ហាញថារូបគេជាអ្នកគាំទ្ររបស់ Neymar ហើយចាត់ទុកតារាឆ្នើមរបស់ក្រុម Paris Saint-Germain រូបនេះជាអ្នកបំផុសគំនិតដ៏ធំមួយ អំឡុងពេលដែលគេចំណាយពេលលេងឲ្យក្លឹប Barcelona ប៉ុន្តែទោះជាយ៉ាងណាខ្សែប្រយុទ្ធរូបនេះ ក៏បានពន្យល់ផងដែរថាជើងចាស់ក្រុមហង្សក្រហម លោក Steven Gerrard នៅតែជាមនុស្សម្នាក់ផ្សេងទៀតមួយ ដែលខ្លួនយកគម្រូតាម ។ហើយយ៉ាងណាមិញដោយនិយាយទៅកាន់ Liverpool Echo កីឡាករ Elliott បានបញ្ជាក់ថា ៖ ” នៅពេលដែលខ្ញុំនៅក្មេង Neymar គឺជាអ្នកបំផុតគំនិតរបស់ខ្ញុំ។ គាត់បានធ្វើរឿងអស្ចារ្យជាច្រើននៅក្នុងក្រុម Barca ហើយឪពុករបស់ខ្ញុំនិយាយថាគាត់នឹងក្លាយជាកីឡាករល្អបំផុតលើលោកនៅថ្ងៃណាមួយ ” ៕